ជុំ អេន៖ ខ្មែរក្រហមជិះសេះដេញសម្លាប់ប្រជាជននៅតំបន់ទួលគ

(ខេត្តព្រៃវែង) ជុំ អេន កើតនៅឆ្នាំ១៩៤៥ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន អេន រសនៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អេន មានឪពុកឈ្មោះ ជុំ និង មានបងប្អូនចំនួន ៧នាក់ (ស្រី ៤នាក់)។
អេន ឈប់រៀននៅថ្នាក់ទី២ (សង្គមចាស់) ដោយសារតែប្រទេសជាតិមានរដ្ឋប្រហារ ហើយសាលារៀនត្រូវបានបិទទ្វារ។ នៅរបបសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) ស្ថានភាពគ្រួសាររបស់អេន ជួបប្រទះភាពកំសត់ខ្លាំង ដោយសារបែកបាក់បងប្អូន និងគ្រួសារ។ នៅពេលនោះមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាពីសំណាក់ទាហានទ័ពអាកាសរបស់របប លន់ នល់ ដើម្បីបណ្តេញទាហានវៀតកុង (វៀតណាមខាងជើង) បានបណ្តាលឲ្យមនុស្សយ៉ាងច្រើនបានស្លាប់។ អេន បានឃើញផ្ទាល់ភ្នែកនូវប្រជាជនក្នុងភូមិចំនួន ៣នាក់ បានស្លាប់ដោយសារការទម្លាក់គ្រាប់បែក ក្នុងនោះក៏មានបងប្រុសរបស់គាត់ម្នាក់ផងដែរ។
នៅដើមឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់តាំង អេន ឲ្យធ្វើជា “នារីប្រចាំការ” នៅក្នុងភូមិ ដើម្បីសែងអ្នករងរបួស។ អេន ថ្លែងថាការងារនោះជាការងារបង្ខិតបង្ខំ ប្រសិនបើគាត់មិនធ្វើនឹងត្រូវអង្គការដាក់ទោស ឬចោទប្រកាន់ថាជាគិញប្រឆាំងនឹងបដិវត្តន៍។ នៅខែមេសា ឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាចពេញលេញ អេន មានអាយុប្រមាណជា២០ឆ្នាំ។ ជីវិតនៅពេលនោះពោរពេញទៅដោយការធ្វើទារុណកម្មផ្លូវចិត្ត និងកាយ៖ ផ្លូវកាយអង្គការបានតម្រូវឲ្យ អេន ធ្វើការងារធ្ងន់គ្មានពេលសម្រាក និងផ្លូវចិត្តអង្គការបានបង្ខំឲ្យ អេន រស់នៅឆ្ងាយពីគ្រួសារ និងបងប្អូន។ ដំបូងឡើយអង្គការបានចាត់តាំង អេន ឲ្យធ្វើជាអ្នកបញ្ចូលទឹកទៅក្នុងស្រែ។ បន្ទាប់មក អេន ត្រូវបានបញ្ជូនទៅក្នុង “កងចល័តនារីឃុំ” ត្រូវធ្វើការងារដូចជា៖ ជីកប្រឡាយ និងលើកភ្លឺស្រែ។ ម៉ោងធ្វើការងាររបស់អេន គឺត្រូវក្រោកតាំងពីម៉ោង ៣យប់ រហូតដល់ម៉ោង ១២ ថ្ងៃត្រង់។ បន្ទាប់ពីសម្រាកបានបន្តិច ត្រូវបន្តធ្វើរហូតដល់ម៉ោង ៥ល្ងាច។ ចំណែករបបអាហារវិញ អេន ទទួលបានបបរពីរវែកសម្រាប់ពីរពេលក្នុងមួយថ្ងៃ។ លើសពីនេះទៀតប្រសិនបើការងារមិនរួចរាល់តាមអង្គការកំណត់របបអាហារនឹងត្រូវបានកាត់បន្ថយពីបបរមួយវែក មកត្រឹមកន្លះវែក ហើយបបររាវស្ទើរតែគ្មានគ្រាប់អង្ករ។ ស្ថានភាពសុខភាពរបស់អេន បានចុះទ្រុឌទ្រោមពីមួយថ្ងៃទៅទីមួយថ្ងៃ ដោយសារតែហូបមិនគ្រប់គ្រាន់ និងការប្រើប្រាស់កម្លាំងច្រើនហួសហេតុ។ បើទោះបី អេន មានជំងឺក៏អង្គការនៅតែបង្ខំឲ្យធ្វើការដែរ ហើយអង្គការតែងចាត់ឈ្លបតាមឃ្លាំមើលជាប់ជានិច្ច។ នៅសម័យនោះ អ្នកឈឺក៏គ្មានថ្នាំសង្កូវ និងគ្រូពេទ្យព្យាបាលត្រឹមត្រូវដែរ។ ប្រសិនបើឈឺធ្ងន់ធ្វើការមិនកើតទើបអង្គការអនុញ្ញាតឲ្យសម្រាក។ ការសម្រាកពីការងារត្រូវស្ថិតក្រោមការតាមដានពីសំណាក់កងឈ្លប ហើយធូរស្បើយបន្តិចត្រូវត្រលប់មកធ្វើការវិញភ្លាម។
នៅឆ្នាំ១៩៧៧ អង្គការបានបង្ខំ អេន ឲ្យរៀបការជាមួយបុរសឈ្មោះ បូ អេង។ ពិធីរៀបការធ្វើឡើងជាសមូហភាពដែលមានប្តី-ប្រពន្ធប្រមាណជា៨០គូ បានរៀបការជាមួយ។ ពិធីរៀបការធ្វើឡើងដោយបង្ខំ និងមួយចំនួនបានស្ម័គ្រចិត្តតាមការចាប់គូ (រៀបការ) ហើយត្រូវប្តេជ្ញាចិត្តរស់នៅជុំគ្នាជារៀងរហូត។ ប្រសិនបើបុរស-ស្រី្តណា ហ៊ានបដិសេធកងឈ្លបខ្មែរក្រហមនឹងធ្វើបាប។ ក្រោយរៀបការបាន ៣ថ្ងៃ អេន និងប្តី ត្រូវបំបែកឲ្យទៅធ្វើការងារកន្លែងរៀងៗខ្លួន រយៈពេលមួយឆ្នាំទើបបានជួបគ្នាវិញ។
នៅក្នុងរបបខ្មែរក្រហមបងប្អូនរបស់អេន ចំនួន៤នាក់ បានស្លាប់ ដោយសារបងប្អូនរបស់គាត់ជាអតីតទាហានរបប លន់ នល់ ហើយសាច់ញាតិផ្សេងទៀតបានស្លាប់ដោយសារខ្វះខាតអហារ និងជំងឺ។ អេន ក៏ធ្លាប់ឃើញកងឈ្លបខ្មែរក្រហមជិះសេះដេញសម្លាប់ប្រជាជន និងធ្លាប់ឃើញកងឈ្លបចងមនុស្សជាជួរៗនាំទៅសម្លាប់នៅ «ទួលគ»។ អេន ក៏បានឃើញខ្មែរក្រហមបំផ្លាញវត្តអារាម ចាប់ផ្សឹកព្រះសង្ឃឲ្យទៅធ្វើទាហាន ឬនាំព្រះសង្ឃទៅសម្លាប់ ហើយខ្មែរក្រហមបានប្រែក្លាយបរិវេណវត្តអារាមទៅជាឃ្លាំងដាក់ជី ឬធ្វើជាបង្គន់។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ អង្គការបានជម្លៀស អេន ចេញពីភូមិរយៈពេលខ្លី ប៉ុន្តែក្រោយមកកងទ័ពវៀតណាម និងរណសិរ្សសង្រ្គោះជាតិកម្ពុជា បានឲ្យត្រលប់មកស្រុកកំណើតវិញ។ ពេលមកដល់ស្រុកកំណើត អេន បានប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត រស់នៅជាមួយបី្ត និងកូនៗ រហូតមកដល់បច្ចុប្បន្ន៕

