ខឹងសម្បារនឹងរបបខ្មែរក្រហម

មុំ ស្រ៊ី រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ មុំ ស្រ៊ី ភេទស្រី មានអាយុ ៥៨ឆ្នាំ និងជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ស្រ៊ី មានឪពុកឈ្មោះ មុំ មួន និងម្តាយឈ្មោះ ភី។ ស្រ៊ី មានប្តីឈ្មោះ ឡាក់ និងមានកូនបួននាក់។

នៅរបប លន់ នល់ ស្រ៊ី បានរៀនតែមួយសប្តាហ៍ប៉ុណ្ណោះ នៅវត្តព្រៃត្រសក់។​​ ដោយសារតែសង្គ្រាម និងការបាញ់ផ្លោងគ្រាប់បែក ស្រ៊ី ត្រូវរត់ចូលលេណដ្ឋាន។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចបានចាត់ទុកគ្រួសារស្រ៊ីជាប្រជាជនចាស់ និងជម្លៀសគ្រួសាររបស់គាត់ទៅរស់នៅភូមិត្បាល់កិន។ ស្រ៊ី ត្រូវធ្វើការក្នុងកងកុមារ និងរែកលាមកគោ។ ចំណែកឪពុកម្ដាយរបស់គាត់ត្រូវដកស្ទូង និងជីកប្រឡាយ។

ក្រោយមក ស្រ៊ី ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការក្នុងកងចល័ត នៅភូមិបន្ទាយមាស។ គាត់ត្រូវរែកដីដំបូកជាមួយសមាជិកជាង២០០នាក់ និងមានមិត្តនាង ជាប្រធានកង។ ស្រ៊ី និយាយថា គាត់ត្រូវធ្វើការហួសកម្លាំង និងទទួលបានរបបអាហារ គឺបបរមួយចានប៉ុណ្ណោះក្នុងមួយពេល។ ការហូបចុកមិនគ្រប់គ្រាន់នាសម័យនោះ បានធ្វើឲ្យគាត់ និងកុមារមួយចំនួនធ្លាក់ខ្លួនឈឺ។ ស្រ៊ី ចងចាំថា គាត់អាចស្នើសុំឈប់សម្រាកបានតែមួយឬពីរថ្ងៃប៉ុណ្ណោះពីប្រធានកង នៅពេលគាត់មានជំងឺ ឬត្រូវទៅលេងឪពុកម្ដាយនៅភូមិត្បាល់កិន។

នៅរបបខ្មែរក្រហម ស្រ៊ី និយាយថា គាត់បានដឹងអំពីការរៀបការដោយបង្ខំ ដែលមានយុវជន-យុវនារីឈរជាជួរនិងប្តេជ្ញានៅចំពោះមុខអង្គការ ដែលមានរហូតទៅដល់៤០គូ ក្នុងពេលតែមួយ។ ស្រ៊ី ឮពីចាស់ៗថា នៅពេលយប់ មានខ្មែរក្រហមចាប់ប្រជាជនថ្មី ដូចជា យាយ គឺ និងគ្រួសារដែលជាអ្នកភ្នំពេញទៅសម្លាប់នៅភូមិកំពង់ស្វាយ។

នៅឆ្នាំ១៩៧៩ ក្រោយពីរបបខ្មែរក្រហមដួលរលំ ស្រ៊ី បានបាត់ដំណឹងបងប្រុសជីដូនមួយម្នាក់ ដែលខ្មែរក្រហមបញ្ជូនទៅធ្វើជាកងទ័ព។ ចំពោះរូបគាត់ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ស្រ៊ី មានការខឹងសម្បារនឹងរបបខ្មែរក្រហម និងបន្តប្រាប់រឿងរ៉ាវដល់ក្មេងៗជំនាន់ក្រោយ ដើម្បីទប់ស្កាត់របស់នោះមិនឲ្យកើតឡើងសាជាថ្មី៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin